You are here: សំនួរញឹកញាប់

(ស). តើសេវា ម៉ាយ បេស ខន់សាល់ ជាអ្វី?

(ឆ) សេវា ម៉ាយ បេស ខន់សាល់ ជាសេវាស្វែងរកដៃគូអនាគត ជាសេវាពិគ្រោះយោបល់ ជាបណ្តុំនៃក្រុមអ្នកមានបទពិសោធន៍អាជីពយូរឆ្នាំ ជាសាស្រ្តាចារ្យ ជាអ្នកស្រាវជ្រាវ និងជានិស្សិតដែលមានគំនិតអភិវឌ្ឍន៍ដូចគ្នា។ យើងជឿជាក់ថាការស្វែងរកដៃគូអនាគត ឬស្នេហាពិត គឺមានការលំបាកហើយវាមិនមែនជាការងារងាយស្រួលឡើយ។ យើងត្រូវតែស្វះស្វែងរកវាតាមរាល់មធ្យោបាយទាំងអស់ដែលមាន ដើម្បីអោយបានជួបនូវដៃគូអនាគត  ឬមិត្តិភក្តិដែលល្អបំផុត ហើយដែលមានចំណង់ចំណូលចិត្តដូចគ្នា ឬ ប្របហាក់ប្រហែលគ្នាដើម្បីកសាងអោយបាននូវស្នេហាពិត និងកសាង បាននូវទំនាក់ទំនងល្អសំរាប់រយៈពេលយូរអង្វែងជាមួយគ្នា។ ដោយយើងមិនត្រូវរង់ចាំអោយស្នេហាពិតរត់មករកយើងនោះទេ យើងត្រូវតែស្វះស្វែងរកវា ដោយមិនត្រូវរង់ចាំវាឡើយ។ ដោយមូលហេតុនេះហើយទើបបានជាសេវាកម្ម ម៉ាយ បេស ខន់សាល់ មួយត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនជា សេវាកណ្តាលមួយសំរាប់ជាដំណោះស្រាយដ៏ល្អក្នុងការងារស្វែងរកដៃគូអនាគតនេះ និងដើម្បីបំរើជូន ដល់អ្នកស្វែងរកដៃគូអនាគតទាំងអស់ ដែលបានយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់នូវសេវាកម្មកណ្តាលនេះ។

(ស). តើស្នេហាពិតជាអ្វី?

(ឆ)ស្នេហាពិត មានន័យថា ការដែលមនុស្សម្នាក់ បុរសឬនារី ស្រលាញ់ជាមួយនឹងនារីឬបុរសណាម្នាក់ ហើយដែលនារីឬបុរសនោះក៏ស្រលាញ់បុរសឬនារីនោះវិញដែរ ហើយដែលអ្នកទាំងពីរអាចទទួលយកបាននូវរាល់គ្រប់លក្ខខណ្ឌទាំងអស់ ទាំងល្អ និងទាំងអាក្រក់ ឬក៏ភាពល្អឥតខ្ចោះនិងភាពល្អមានខ្ចោះដែលមាននៅក្នុងភាគីទាំងពីរ។ លក្ខខណ្ឌទាំងអស់នោះក៏រួមមានទាំង បុគ្គលិកលក្ខណៈ កាយសម្បទា កំរិតការសិក្សាអប់រំ បទពិសោធន៍ការងារ ស្ថានភាពរស់នៅរបស់ក្រុមគ្រួសារ និងរបៀបរបបឬស្តង់ដារនែការរស់នៅដូចជាចំណង់ចំណូលចិត្តជាដើម។

(ស). តើខ្ញុំគួរតែប្រើប្រាស់សេវា ម៉ាយ បេស ខន់សាល់ ឬទេ?

(ឆ). ពីព្រោះថាវាជាសេវាដែលមានភាពងាយស្រួល ដើម្បីជួយអោយនរណាម្នាក់បានជួបនឹងនរណាម្នាក់ទៀត ដោយសារតែការដែលមានការជាប់រវល់នឹងការងារ និងពុំសូវមានពេលជួបជាមួយមនុស្ស ផ្សេងទៀតក្រៅពីមនុស្សនៅក្នុងរង្វង់ក្រុមការងាររបស់ខ្លួន។

តាមរយៈដំណើរការនៃការសំរិតសំរាំងសមាជិករបស់យើង យើងបានជំរុះចេញនូវសមាជិកទំាងឡាយណាដែលពុំមានលក្ខខណៈនិងគុណតំលៃ ចំណង់ចំណូលដូចឬស្រដៀងនឹងអ្នក។ អ្នកនឹងជួបតែជាមួយនឹងអ្នកណាដែលមានលក្ខខណៈ ចំណង់ចំណូលចិត្ត ស្របឬស្រដៀងនឹងអ្នក។

យើងនឹងមិនបញ្ចេញអោយអ្នកណាដឹង នូវព័ត៌មានលំអិតអំពីសមាជិកភាពរបស់អ្នក ដោយគ្មានការអនុញ្ញាតរបស់អ្នកទេ។ អ្នកពិគ្រោះយោបល់របស់យើងត្រូវបានណែរនាំ មិនអោយជជែកព័ត៌មានលំអិតរបស់សមាជិកណាមួយ ជាមួយនឹងនរណាម្នាក់នៅខាងក្រៅឡើយ។

(ស). ហេតុអ្វីខ្ញុំត្រូវចំណាយលុយដើម្បីប្រើប្រាស់សេវា ម៉ាយ បេស ខន់សាល់ នៅពេលដែលខ្ញុំអាចជួបមនុស្សបានតាមប្រព័ន្ទអ៊ីនធើណិតដោយសេរីដោយមិន ចាំបាច់ចំណាយលុយនោះ?

(ឆ). តំលៃនៃការស្វែងរកតាមប្រព័ន្ទអ៊ីនធើណិតគឺវាមានតំលៃខុសគ្នា ដោយសារតែការស្វែងរកតាមប្រព័ន្ទអ៊ីនធើណិតគឺប្រមូលបានតែអ្នកមិនច្បាស់លាស់ វីវក់រកតាមតែបណ្តាញអ៊ីនធើណិតនេះ ហើយដែលក្នុងនោះ មានទាំងអ្នកមានទំនាក់ទំនងហើយក៏មាន នឹងមានទាំងអ្នកដែលគ្រាន់តែមកចូលលេង ឆែកមើលតែមួយភ្លែតមានបំណងចង់លេងសើច ស្វែងរកមើលថាតើអ្នកណាអាចនឹងទាក់ទងបានដោយងាយ។

សមាជិកស្វែងរកដៃគូអនាគតរបស់សេវា ម៉ាយ បេស ខន់សាល់ ភាគច្រើនបំផុតសុទ្ធសឹងតែជាអ្នក ដែលចង់ស្វែងរក ចង់កសាងទំនាក់ទំនងរឹងម៉ាំជាមួយគ្នា។ ហើយភាគច្រើននៃសមាជិក គឺជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់។ សមាជិករបស់យើងមួយចំនួនទៀត សុទ្ធសឹងតែជាអ្នកដែលមិនដែលបានប្រើប្រាស់ការណាត់ជួបតាមប្រព័ន្ទអ៊ីនធើណិត ដោយសារពួកគេគឺជាអ្នកដែលមានអាជីពវិជ្ជាជីវៈខ្ពង់់ខ្ពស់ ថានៈជាអ្នកគ្រប់គ្រង ហើយដែលពួកគាត់ត្រូវការ អោយមានភាពឯកជនផ្ទាល់ខ្លួន និងរក្សាការសំងាត់អោយបានល្អបំផុត។

សេវាកម្មពិគ្រោះយោបល់របស់យើង គឺមានលក្ខខណៈផ្ទាល់ និងជាបុគ្គល។ យើងដើរតួនាទីជាអ្នកសំរបសំរួលរវាងអ្នកជាមួយនឹងដៃគូរបស់អ្នកដែលអ្នកនឹងជួបតាមការណាត់ជួបនេះ។ យើងផ្តល់ជូននូវព័ត៌មានពិត និងរាល់ព័ត៌មានត្រូវបានពិនិត្យបញ្ជាក់ផ្ទៀងផ្ទាត់។ ដោយសារថា យើងបានជួបអ្នកដោយផ្ទាល់ ដូចនេះហើយយើងអាចនឹងធ្វើការជ្រើសរើសដៃគូអនាគតរបស់អ្នក ដែលយើងយល់ថាមានលក្ខខណៈសក្តិសមនឹងអ្នកជាទីបំផុត។

ជាមួយនឹងការណាត់ជួបដោយការប្រើប្រព័ន្ទណាត់ជួបតាមអ៊ីនធើណិត អ្នកត្រូវតែធ្វើការស្រាវជ្រាវ និងពិនិត្យបញ្ជាក់ដោយខ្លួនឯងថាតើមនុស្សដែលអ្នកកំពុងទាក់ទងនេះ គួរអោយជឿទុកចិត្តបាន និងអាចទៅជួបបានឬទេ។ ជាងនេះទៅទៀត ការណាត់ជួបតាមអ៊ីនធើណិត គឺពិតជាត្រូវប្រើប្រាស់ពេលវេលាយូរ ហើយគួរអោយធុញទ្រាន់។ តាមរយៈសេវាពិគ្រោះយោបល់ ស្វែងរកស្នេហាពិត ម៉ាយ បេស ខន់សាល់ យើងបានធ្វើការសំរិតសំរាំង ផ្ទៀងផ្ទាត់រកអោយឃើញដៃគូដែលអ្នកចង់ជួបដើម្បីជួយសំរួលដល់ពេលវេលារវល់ និងកាត់បន្ថយការរំខានពេលវេលារបស់អ្នកបាន។

(ស). តើខ្ញុំចូលរួម សេវា ម៉ាយ បេស ខន់សាល់ យ៉ាងណា?

(ឆ). អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែបំពេញទំរង់ពាក្យសុំចូលជាសមាជិកស្វែងរកដៃគូអនាគត នៅឯការិយាល័យសេវាកម្មរបស់យើង ហើយយើងនឹងទាក់ទងទៅអ្នកនៅពេលសមប្រកបណាមួយដែលងាយស្រួលចំពោះអ្នក។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវបំពេញលេខទូរស័ព្ទ និងអសយដ្ឋានអ៊ីម៉ែលដែលយើងអាចធ្វើការទាក់ទង ឬក៏និយាយទាក់ទងអ្នកបានដោយផ្ទាល់។

បន្ទាប់មកយើងនឹងទូរស័ព្ទទៅអ្នក ដើម្បីកំណត់ពេលវេលា ជួបជជែកជាមួយអ្នកមួយទល់នឹងមួយ តទល់គ្នា និងផ្តល់អោយអ្នកវិញនូវការវាយតំលៃជាលំអិតពីប្រភេទមនុស្សដែលអ្នកនឹងជួប និងចំនួនពេលជួប ឬកញ្ចប់សេវាដែលអ្នកត្រូវជួបតាមតំលៃសេវាជាក់លាក់ណាមួយ។

(ស). តើមានអត្ថប្រយោជន៍អ្វីខ្លះក្នុងការចូលរួមសេវា ម៉ាយ បេស ខន់សាល់ នេះ?

(ឆ). តាមយន្តការនៃការណាត់ជួបផ្សេងទៀត គឺវាពុំមានអ្នកកណ្តាលណាដើម្បីជួយពិនិត្យឆែកអោយបានត្រឹមត្រូវដើម្បីពិនិត្យពីការបំផ្លើស កបន្លំ ឬការភូតកុហក់ពីសេចក្តីលំអិតពីព័ត៌មានរបស់បុគ្គល។ កុំសូម្បីតែបានមើលឃើញនូវរូបថតនរណាម្នាក់ដែលគួរអោយចាប់អារម្មណ៍ហើយនោះ ក៏លែងមានការពិត និងសុវត្ថិភាពផងដែរ ហើយដោយសារថាគ្មានការធានាថាតើរូបថតនោះ គឺជារូបថតពិតត្រឹមត្រូវឬយ៉ាងណា ឬក៏ថាតើរយៈពេលប៉ុន្មានដែលរូបថតនោះត្រូវបានគេថតនោះក៏មិនអាចដឹងបានដែរ។

តាមរយៈសេវា ម៉ាយ បេស ខន់សាល់ យើងជួបនឹងសំភាសន៍ជាមួយសមាជិកយើងដោយផ្ទាល់។ យើងពិនិត្យបញ្ជាក់នូវរាល់ព័ត៌មានទាំងអស់របស់សមាជិកយើង ដើម្បីការពារទប់ស្កាត់កុំអោយមានការភូតកុហក់ ឆបោក។ យើងទទួលយកតែសមាជិកណាដែលមានបំណងចង់ស្វែងរកដៃគូអនាគតពិតប្រាកដ ដូចនេះហើយ បានជាយើងមានលទ្ធភាពអាចធ្វើការផ្គូផ្គងផ្សំផ្គុំដែលមានគុណភាពខ្ពស់និងមានលក្ខខណៈល្អប្រសើរសំរាប់អតិថិជនរបស់យើង ហើយយើងអាចធានាបាននូវបរិយាកាសនៃការណាត់ជួបមួយដែលមានសុវត្ថិភាព។

តាមរយៈសេវា ម៉ាយ បេស ខន់សាល់ អ្នកមានឳកាសជជែកជាមួយយើងអំពីដៃគូអនាគតដែលអ្នកចង់បានដោយធ្វើការពិគ្រោះយោបល់ជាមួយអ្នកពិគ្រោះយោបល់របស់យើង ហើយតាមរយៈព័ត៌មានដែលបានផ្តល់អោយយើងនេះ យើងអាចកំណត់បាននូវលក្ខខណៈវិនិច្ឆ័យសំរាប់ដៃគូអនាគតដែលអ្នកចង់បាន និងចង់ជួបហើយ។ អ្នកបានជួបសមាជិកស្វែងរករបស់យើងកាន់តែច្រើន អ្នកកាន់តែផ្តល់ព័ត៌មានបន្ថែមមកអោយអ្នកពិគ្រោះយោបល់យើងខ្ញុំកាន់តែច្រើន យើងកាន់តែមានព័ត៌មានច្បាស់អំពីអ្នក ហើយយើងកាន់តែអាចឈានទៅរកអ្នកដែលត្រូវសក្តិសមនឹងអ្នកបានល្អ។ នៅទីបំផុត តាមរយៈព័ត៌មានដែលបានផ្តល់បន្ថែមកាន់តែច្រើននេះ ឳកាសដែលអាចជួបនឹងដៃគូដ៏សក្តិសមនឹងអ្នកនោះពិតជាមានកំរិតជោគជ័យខ្ពស់។

(ស). តើខ្ញុំត្រូវបង់ថ្លៃសេវា ម៉ាយ បេស ខន់សាល់ នៅពេលណា?

(ឆ). ការជួបពិគ្រោះយោបល់គឺមិនមានការគិតថ្លៃសេវាទេ។ អ្នកនឹងបង់ថ្លៃសេវានៅពេលដែលអ្នកបានសំរេចចិត្តថាចុះឈ្មោះចូលជាសមាជិកស្វែងរកដៃគូអនាគត ដើម្បីទទួលយកការប្រើប្រាស់នូវសេវា ម៉ាយ បេស ខន់សាល់ ដែលជាសេវាស្វែងរកដៃគូអនាគតនេះ គឺដំបូងអ្នកត្រូវបង់ថ្លៃចុះឈ្មោះជាសមាជិកភាពជាមុន។ បន្តាប់មកទៀត អ្នកត្រូវធ្វើការជ្រើសរើសទិញយកនូវកញ្ចប់សេវាណាមួយនៅពេលដែលអ្នកបានដឹងថាអ្នកនឹងត្រូវបានណាត់អោយជួបដៃគូស្វែងរកណាម្នាក់ទៀត និងតែក្នុងករណីដែលយើងអាចស្វែងរកអ្នកដែលសក្តិសមនឹងអ្នកតែប៉ុណ្ណោះ។ ប្រសិនបើយើងពិនិត្យមើលទៅឃើញថាលក្ខខណ្ឌចង់បានរបស់អ្នកមានការលំបាក យើងនឹងស្នើសុំអោយអ្នកទិញនូវកញ្ចប់សេវាកម្មដែលមានការណាត់ជួបច្រើននាក់ ដើម្បីទុកពេលវេលាអោយបានច្រើនសំរាប់យើង ក្នុងការស្វែងរកផ្គូផ្គងអ្នកដែលត្រូវសក្តិសមនឹងគោលបំណងរបស់អ្នក។

(ស). តើសេវា ម៉ាយ បេស ខន់សាល់ ធ្វើការយ៉ាងណា?

(ឆ). ដំណើរការពិគ្រោះយោបល់របស់ ម៉ាយ បេស ខន់សាល់ គឺមានលក្ខខណៈសាមញ្ញបំផុត

  • ទាក់ទងមកយើងតាមទូរស័ព្ទ ឬអាចធ្វើការសាកសួរតាមវេបសាយក៏បាន យើងនឹងធ្វើការសំរបសំរួលណាត់ជួបជជែកជាមួយអ្នកពេលណាដែលអ្នកអាចជួបយើងបាន។
  • នៅពេលអ្នកបានចុះឈ្មោះជាសមាជិកហើយ យើងនឹងធ្វើការពិនិត្យផ្គូផ្គងជាមួយសមាជិកក្នុងទិន្នន័យរបស់យើង។
  • យើងនឹងចាត់ចែងសំរបសំរួលការណាត់ជួបរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺអ្នកគ្រាន់តែ បង្ហាញខ្លួននៅឯភោជនីយដ្ឋានហើយរីករាយអាហារថ្ងៃត្រង់មួយពេលជាមួយគ្នាជាការស្រេច។
  • បន្ទាប់ពីបានជួបហើយ យើងនឹងទាក់ទងទៅអ្នកដើម្បីសាកសួរអ្នកពីដំណើរការនៃការជួបនោះយ៉ាងណា។
  • ដោយប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ត្រលប់មកវិញនេះ យើងនឹងបំពេញបនែ្ថមឬកែលំអនូវលក្ខខណៈវិនិច្ឆ័យនៃការណាត់ជួបរបស់អ្នក ដើម្បីជាមូលដ្ឋានជំនួយក្នុងការស្វែងរកសមាជិកផ្សេងទៀតអោយបានល្អ។

ភាពច្បាស់លាស់ និងការផ្គូផ្គងផ្សំផ្គុំបុគ្គលិកលក្ខខណៈគឺជាមូលដ្ឋានល្អបំផុតដែលសេវាស្វែងរកដៃគូអនាគតបានផ្តល់ជូនអ្នក។ សេវានេះ នឹងអនុញ្ញាតអោយអ្នករកឃើញនូវដៃគូអនាគត ដែលមានចំណង់ចំណូលចិត្ត លក្ខខណៈដូចនិងស្រដៀងនឹងអ្នកជាទីបំផុត និងអ្នកក៏សក្តិសមនឹងដៃគូរបស់អ្នកផងដែរ ហើយដោយឈរលើមូដ្ឋាននេះ ជាហេតុជួយអោយអ្នកទាំងពីរមានឳកាសបានជួបគ្នា។

(ស). តើខ្ញុំអាចទិញកញ្ចប់សេវាលើសពីមួយបានឬទេ?

(ឆ). ពិតជាត្រឹមត្រូវ អ្នកអាចទិញកញ្ចប់សេវាលើសពីមួយ អ្នកកាន់តែជួបច្រើនដងអ្នកកាន់តែអាចមានឳកាសជួបអ្នកពេញចិត្ត។ សេវា ម៉ាយ បេស ខន់សាល់ នឹងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីអោយអ្នកបានជួបទៅតាមចំនួននៃការជួបនៅក្នុងកញ្ចប់សេវាកម្មនិមួយៗ។ ប៉ុន្តែ ពេលខ្លះ អ្នកក៏អាចទិញប្រភេទកញ្ចប់សេវាដូចគ្នានេះជាថ្មីម្តងទៀតបានដែរ ដើម្បីជួបដៃគូថ្មីបន្ថែមទៀត។

(ស). តើអ្វីខ្លះជាលក្ខខណ្ឌសំរាប់ចូលជាសមាជិក ម៉ាយ បេស ខន់សាល់?

(ឆ). ដើម្បីចុះឈ្មោះចូលជាសមាជិកស្វែងរកដៃគូអនាគតជាមួយយើងបាន សមាជិកត្រូវតែនៅលីវ និងមានអាយុចាប់ពី ២២ឆ្នាំ រហូតដល់ ៥៥ឆ្នាំ មានការងារធ្វើត្រឹមត្រូវ ឬក៏ជាម្ចាស់អាជីវកម្ម សេវាកម្មណាមួយ (ត្រូវមានប្រាក់ចំណូលគ្រប់គ្រាន់) ហើយមានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១២ឡើងទៅ ឬក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាដើម។

(ស).តើមានមនុស្សប្រភេទណាខ្លះបានចូលជាសមាជិក ម៉ាយ បេស ខន់សាល់?

(ឆ). សមាជិករបស់យើងមានលក្ខខណៈដូចគ្នានឹងអ្នកផងដែរ គឺនៅលីវ ជាមនុស្សសាមញ្ញរហូតដល់អ្នកមានអាជីព វិជ្ជាជីវៈខ្ពង់ខ្ពស់។ ជាអ្នកដែលមានការរវល់មមាញឹកហើយមានបំណងចង់ស្វែងរកដៃគូអនាគត ចង់កសាងទំនាក់ទំនងរឹងម៉ាំយូរអង្វែងជាមួយនឹងអ្នកពិសេសណាម្នាក់។ ភាគច្រើននៃអតិថិជនរបស់យើងគឺសុទ្ធសឹងតែជាអ្នកមានអាជីពវិជ្ជាជីវៈខ្ពង់ខ្ពស់ ដែលមានអាជីពជោគជ័យ មានការងារធ្វើត្រឹមត្រូវ ដោយពួកគាត់មានការមមាញឹកជាប់រវល់ខ្លាំង ហើយដែលពួកគាត់មានបំណងពិតប្រាកដ ក្នុងការស្វែងរកដៃគូអនាគតរបស់ខ្លួន តាមលក្ខខណៈមួយឯកជនស្ងាត់ស្ងៀមនិង ត្រូវការការរក្សាការសំងាត់បំផុត។ នៅក្នុងបញ្ជីទិន្នន័យរបស់យើង យើងមានសមាជិកស្វែងរកដៃគូអនាគតជាច្រើនរូបដួចជា អ្នកគ្រប់គ្រង អ្នកប្រតិបត្តិ នាយក អ្នកគ្រប់គ្រងរដ្ឋបាល មេធាវី គណនេយ្យករ វេជ្ជបណ្ឌិត អ្នកមានវិជ្ជាជីវៈខាងបច្ចេកវិទ្យា និងជាសហគ្រិនជោគជ័យ ដែលអ្នកទាំងនេះបានបើកចិត្តទូលាយក្នុងការទទួលយក និង មានបំណងក្នុងការកសាងទំនាក់ទំនងរឹងម៉ាំយូរអង្វែងជាមួយនឹងដៃគូណាដែលមានចំណង់ចំណូលចិត្តដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដើម្បីកសាងអោយបាននូវសុភមង្គលរបស់ខ្លួនតាមរយៈសេវាកណ្តាលនេះ ដោយសារថាពួកគាត់មានមុខរបរ ឬការងាររឹងម៉ាំរួចហើយ។

(ស). តើត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំមិនចូលចិត្តការណាត់ជួបណាមួយនោះ?

(ឆ). ទោះបីជាយើងមានទំនុកចិត្តពីគុណភាពនៃការណាត់ជួបរបស់យើង ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តថ្ងៃណាត់ជួបណាមួយ អ្នកគ្រាន់តែបន្ថយពេលម៉ោងជួបអោយខ្លីបំផុតមកបានហើយ ព្រោះថាអ្នកណាត់ជួបពេលអាហារថ្ងៃត្រង់ ដូច្នេះអ្នកអាចប្រញាប់ត្រលប់ទៅធ្វើការវិញលឿនជាងធម្មតា បន្ទាប់មកអ្នកគ្រាន់តែទូរស័ព្ទទៅកាន់អ្នកពិគ្រោះយោបល់របស់យើង ហើយផ្តល់ជាព័ត៌មាន អំពីមតិកែលំអជាក់លាក់ណាមួយជាការស្រេច។

នៅទីបំផុតយើងនឹងធ្វើការកែលំអការរៀបចំការណាត់ជួបរបស់អ្នកតាមរយៈព័ត៌មានដែលអ្នកបានផ្តល់ហើយយើងនឹងមានលទ្ធភាពបង្កើតជាស្តង់ដារកំណត់មួយសំរាប់ប្រភេទមនុស្សដែលអ្នកចង់ណាត់ជួបដូច្នេះវាគឺជាប្រព័ន្ធធ្វើបណ្តើរ និងអភិឌ្ឍន៍ឈានទៅរកជោគជ័យជាបណ្តើរៗ។

(ស). តើអ្នកពិគ្រោះយោបល់ ម៉ាយ បេស ខន់សាល់ធ្វើអ្វីខ្លះ?

(ឆ). នៅពេលអ្នកអនុញ្ញាតអោយអ្នកពិគ្រោះយោបល់របស់យើងធ្វើការជ្រើសរើសអោយអ្នក ដំណើរការបន្តបន្ទាប់មកទៀតនោះគឺថាយើងធ្វើការច្រើនណាស់សំរាប់ការផ្គូផ្គងផ្សំផ្គុំនេះ។ ការផ្គូផ្គងនេះរួមមានទាំងការពិនិត្យនូវរាល់ឯកសារព័ត៌មានទិន្នន័យដែលយើងមាន និងការពិភាគ្សាជាមួយសហសេវិកសហការី របស់យើងដើម្បីស្វែងរកអ្នកដែលសក្តិសមបំផុតសំរាប់អ្នក។

ការជ្រើសរើសនិមួយៗគឺត្រូវធ្វើឡើងដោយការគិតពិចារណា ភាពសមហេតុសមផល និងដោយឈរលើមូលដ្ឋានព័ត៌មានលំអិតដែលអ្នកបានផ្តល់ជូនអ្នកពិគ្រោះយោបល់របស់យើង។

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com