ស្នេហាពិតមានន័យយ៉ាងណា?

ស្នេហា មានច្រើនបែប ច្រើនសណ្ឋាន មានដូចជា ស្នេហាជាតិ ស្នេហាឪពុកម្ដាយ ស្នេហាបងប្អូន..... ប៉ុន្តែក្នុងពេលនេះយើងសូមលើកយក តែស្នេហា ដែលគេកត់សម្គាល់ក្នុងជម្រៅបេះដូងរបស់បុរស និងនារីដែលមានចំពោះគ្នាយកមកសិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ មានទាំងសប្បាយរីករាយ ត្រេកត្រអាល មានទាំងកម្សត់កម្រ ស្រក់ទឹកភ្នែក ជួបជុំ ព្រាត់ប្រាស់ ផ្អែមល្ហែម ល្អូកល្អើន ស្អិតរមួតជាងទឹកឃ្មុំ មានប្រៃល្វីងជូរចត់.....មានគ្រប់រសជាតិ។ សេចក្ដីស្នេហាជាការតែងលម្អដ៏មហិមា។

សេចក្ដីស្នេហាអាចធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបស្រស់បំព្រងបាន ។

សេចក្ដីស្នេហាជាតម្រូវការរបស់មនុស្សគ្រប់រូប ដែលមិនអាចជៀសផុតបាន។ ប៉ុន្តែសេចក្ដីស្នេហាទាមទារឲ្យអ្នកមានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នា ទៅវិញទៅមក។ ហេតុអ្វីសេចក្ដីស្នេហាចាំបាច់ទាមទារឲ្យមានភាពស្មោះត្រង់ចំពោះគ្នា? តើសេចក្ដីស្នេហាមានន័យយ៉ាងណាចំពោះអ្នក?

សេចក្ដី ស្នេហា ជាកូនសោមានតួនាទីចម្រុះ បើកបានគ្រប់ទ្វារទាំងអស់ហើយនាំយើងឈានទៅដល់សុភមង្គលក្នុងជីវិត អាពាហ៍ពិពាហ៍។ ការលួចស្រឡាញ់ប្រតិព័ទ្ធនរណាម្នាក់ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ ចេញពីក្រអៅបេះដូងសម្ងាត់ដែលលបលួចគេងគិតតែម្នាក់ឯង។ ជាការពិតណាស់នៅពេលដែលអ្នកលួចស្រឡាញ់នរណាម្នាក់ អ្នកតែងតែគិតគូរខ្វល់ខ្វាយចំពោះគេស្ទើរតែគ្រប់ដង្ហើមចេញចូល។  ហើយអារម្មណ៍របស់គេ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះមនុស្សដែលខ្លួនស្រឡាញ់គ្រប់ពេលវេលា។ ស្នេហា មានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗព្រោះថាមនុស្សម្នាក់ៗពិតជាមិនចង់រស់នៅតែម្នាក់ឯង ព្រោះថាមនុស្សគ្រប់រូបត្រូវការគូស្នេហ៍ប្រចាំជីវិត។ សេចក្ដីស្នេហា នៅតែមានពន្លកឥទ្ធិពលក្នុងដួងចិត្តមនុស្ស។ បើស្នេហាមានឥទ្ធិពលខ្លាំងខ្លាយ៉ាងនេះ អ្នកគួរតែប្រយ័ត្នប្រយែង មិនត្រូវបណ្ដោយឲ្យមានការភ័ន្តច្រឡំ ចំពោះសេចក្ដីសង្ឃឹមបណ្ដោះអាសន្នដែលកើតឡើងក្នុងរយៈពេលខ្លីនោះទេ។ សេចក្ដីស្នេហា មិនគ្រាន់តែជា "ផ្លេកបន្ទោរ" ឆ្វាចចុះ ឆ្វាចឡើង ហើយក៏រួចស្រេចនោះទេ។ នៅពេលដែលអ្នកស្រឡាញ់មនុស្សម្នាក់ ក្រៅពីការស្រឡាញ់រូបរាង អ្នកថែមទាំងត្រូវពិនិត្យមើលសតិអារម្មណ៍ អាកប្បកិរិយា និងមនោសញ្ចេតនារបស់មនុស្សដែលយើងស្រឡាញ់ផងដែរ។ សេចក្ដីស្នេហា មិនអាចកំណត់ឡើង ដោយសារការរំភើបមួយរំពេចនោះទេ ប៉ុន្តែត្រូវការពេលវេលាដើម្បីសាកល្បង។ សេចក្ដីស្នេហាស្មោះត្រង់ និងធំធាត់ឡើងជាបណ្ដើរៗ តាមពេលវេលា ផ្ទុយទៅវិញបើសិនជាគ្រាន់តែកម្រិត ចំពោះត្រឹមតែអារម្មណ៍រំភើបតែមួយមុខនោះ មិនយូរប៉ុន្មានសេចក្ដីស្នេហានោះនឹងរុះរោយហើយស្លាប់ដោយក្រៀមក្រោះជាក់ច្បាស់ជាមិន ខានឡើយ។ ពេលខ្លះស្នេហា គ្រាន់ជាការលេងសើចសប្បាយ .......ស្នេហាគឺជាការបោកប្រាស់! ពាក្យផ្អែមពីរោះរកគ្នា...គឺជាពាក្យភូតកុហកទាំងអស់។ ស្នេហាបរិសុទ្ធគ្មានទេ! គឺជាកិលេសអពមង្គល ដែលធ្វើឲ្យយើងឈ្លក់វង្វេងស្មារតីតែក្នុងរយៈពេលដ៏ខ្លី ...សែនខ្លី។

ពេលខ្លះទៀត ស្នេហាគឺជាថ្នាំពេទ្យមួយប្រភេទដែលមានមុខពីរ ស្នេហាជាដើមហេតុនៃសេចក្ដីសុខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុតស្រួចដែលអាចចាក់សម្លាប់មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យដែលល្អបំផុតនៅពេលដែលគេចាក់បេះដូងឲ្យធ្លុះធ្លាយ ស្នេហាពិតជាពិបាកយល់ណាស់ ម្ដងធ្វើឲ្យមនុស្សសើច ម្ដងធ្វើឲ្យមនុស្សក្រៀមក្រំ ឬក៏យំ។

ស្នេហា គឺជាការរួមរស់ជាមួយគ្នាយ៉ាងស្មោះអស់មួយជីវិតរវាងបុរសម្នាក់ និងនារីម្នាក់។ ការរួមរស់ជាមួយគ្នាយ៉ាងស្មោះនេះ មានគោលបំណងបង្កបង្កើតឡើងនូវលក្ខណៈសម្បត្តិ ងាយស្រួលនិងមាំទាំដើម្បីទទួលនូវសុខមាលភាព និងសុភមង្គលក្នុងផ្លូវសម្ភារៈ មនោសញ្ចេតនា និងចរិតដែលមនុស្សម្នាក់ៗ មិនអាចនឹងស្វែងរកបាន កាលបើខ្លួននៅតែម្នាក់ឯង។ រូបភាពស្របច្បាប់ និងសាមញ្ញរបស់ស្នេហា គឺពិធីរៀបអាពាហ៍ពិពាហ៍។ "ស្នេហា និង ពលិកម្ម" គឺជាវត្ថុពីរដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។ មានស្នេហាគឺមានពលិកម្ម មានស្នេហាមានការលះបង់...ស្រឡាញ់មនុស្សម្នាក់ ត្រូវហ៊ានលះបង់ធ្វើពលិកម្ម បូជាសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីមនុស្សម្នាក់ទៀតដែលខ្លួនស្រឡាញ់។ ស្នេហាមិនបានបង្គាប់ឲ្យមនុស្សធ្វើពលិកម្មនោះទេ តែមនុស្សខ្លួនឯងគួរតែមានសម្បជញ្ញៈ និងស្មារតីភ្ញាក់រឮក មួយថា ខ្លួនគួរធ្វើពលិកម្មចំពោះមនុស្សដែលខ្លួនកំពុងស្រឡាញ់ឬអត់?

តើ ស្នេហាជាអ្វី? បុរស់ និងនារីមួយចំនួនដែលបានប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខកចិត្តនោះ តែងស្រែកសួររកន័យស្នេហា! រហូតមកដល់បច្ចុប្បន្ននេះពុំទាន់មានអ្នកណាម្នាក់អាចឆ្លើយសំណួរនេះបានគ្រប់គ្រាន់ទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុសនោះដែរ។ ដូច្នេះសំណួរដែលពុំទាន់មានចម្លើយជាប្រាកដ ហើយនៅតែចោទសួរ ដដែលថា តើស្នេហាជាអ្វី? បើស្នេហាជាសេចក្ដីស្រឡាញ់វិញ តើចុះសេចក្ដីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយៗពេកនោះទេ។ បុគ្គលខ្លះនិយាយឲ្យរួចតែពីមាត់ថាស្នេហាជាការលះបង់! តើវាពិតជាការលះបង់មែនឬ? លះបង់ជាអ្វី? ពេលវេលា និងអាយុជីវិត? សម្បត្តិទ្រព្យធន ឬអ្វីផ្សេងទៀត?

ជាការពិត ស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗដោយមិនបានគិតពិចារណានោះទេ។ ការលះបង់ ក្នុងដំណាក់កាលណាមួយអាចជា ពេលវេលា ក្នុងការណាត់ជួបសំណេះសំណាលគ្នា លះបង់ក្នុងការចេះចែករំលែកនូវចំណេះដឹង ការពិភាក្សា ឬធនធានក្នុងគ្រាមានអាសន្នអន់ក្រណាមួយ...មួយវិញទៀតបានជាគេនិយាយថា ស្នេហាគឺជាការលះបង់នោះ គឺចង់សំដៅដល់ការហ៊ានលះបង់មនុស្សដែលខ្លួនស្រឡាញ់ ទៅបុគ្គលទី៣ (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ) សុខចិត្ត លះបង់ ឲ្យគេមានសេរីភាពក្នុងការជ្រើសរើស គូដំណើរជីវិតរបស់គេ។ សេចក្ដីស្រឡាញ់ គឺចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ទទួលបានសេចក្ដីសុខសុភមង្គល ទោះបីជាគេមានសេចក្ដីសុខជាមួយមនុស្សទី៣ ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយបើយើងស្រឡាញ់គេពិតប្រាដកមែន យើងគ្មានសិទ្ធិបៀតបៀនគេនោះទេ បើមិនដូច្នោះទេ មានន័យថាយើងពុំស្រឡាញ់គេពិតប្រាកដនោះទេ។ សេចក្ដីស្នេហាជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ ហើយ ផ្ទុយមកវិញមានពេលខ្លះទៀតគេស្រឡាញ់យើងប៉ុន្តែយើងពុំព្រមស្រឡាញ់គេវិញក៏មាន។ សេចក្ដីស្រឡាញ់ និងការបូជាលះបង់ឲ្យមនុស្សដែលយើងស្រឡាញ់មានភាពរីកចម្រើនលូតលាស់ ហើយទីបំផុតគេទៅមានអ្នកថ្មីទៀតដែលល្អជាងយើង។ អ្នកមិនត្រូវទោមនស្ស កើតទុក្ខឈឺចាប់នោះទេ។ បើអ្នកកើតទុកឈឺចាប់ហើយទៅឈ្នានីស បៀតបៀនគេនោះ មានន័យថាយើងមិនស្រឡាញ់គេដោយស្មោះនោះទេ។ វាពុំមែនជាស្នេហាពិតឡើយ។

ជាចុងក្រោយ ស្នេហាពិត គឺពិតជាមានអត្ថន័យខ្លាំងណាស់ក្នុងជីវិតមនុស្សម្នាក់ៗដែលមិនអាចខ្វះបាន ហើយវាជាផ្នែកមួយសំខាន់សម្រាប់ជីវិត។ លើសពីនេះទៅទៀត មុននឹងអ្នកសារភាពសេចក្ដីស្នេហា ចំពោះនរណាម្នាក់ អ្នកត្រូវតែធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទើបវាមានភាព ល្អប្រសើរ ទោះបីជាការសំរេចចិត្តនោះខុសឬត្រូវក៏ដោយ ក៏អ្នកមានភាពអស់ចិត្តដែរ ព្រោះថាអ្នកបាន ទទួលព័ត៌គ្រប់គ្រាន់ហើយមុននឹងសំរេចចិត្ត។

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com